សារពីនាយកសាលា

ជូនចំពោះសិស្សានុសិស្ស មាតាបិតា និងសមាជិកនៃសាលាអន្តរជាតិអឹឈីវើអ៉ិនធើណេសិនណលស្គូល!

សូមស្វាគមន៍មកកាន់ឆ្នាំសិក្សាដ៏អស្ចារ្យជាថ្មីម្តងទៀតនៅសាលាអន្តរជាតិអឹឈីវើអ៉ិនធើណេសិនណលស្គូល!

ខ្ញុំពិតជាមានការសប្បាយរីករាយណាស់ដែលបានភ្ជាប់ទំនាក់ទំនងជាមួយលោកអ្នក ដើម្បីបន្តដំណើរក្នុងការសិក្សារៀនសូត្រ និងរីកចម្រើនជាមួយគ្នា។

នៅសាលាអន្តរជាតិអឹឈីវើអ៉ិនធើណេសិនណលស្គូល យើងជឿថាការអប់រំគឺលើសពីការគ្រាន់តែមកទទួលបានចំណេះដឹង។  វាគឺអំពីការអភិវឌ្ឍជំនាញ និងគុណតម្លៃដែលមនុស្សគ្រប់រូបត្រូវការដើម្បីរីកចម្រើននៅក្នុងសកលលោកដែលមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនេះ។ អ្នកអប់រំដែលខិតខំប្រឹងប្រែងរបស់យើងបានប្តេជ្ញាចិត្តក្នុងការផ្តល់នូវកម្មវិធីសិក្សាដ៏ទូលំទូលាយដែលសង្កត់ធ្ងន់ទៅលើឧត្តមភាពនៃការសិក្សា រួមជាមួយនឹងការគិតបែបត្រិះរិះពិចារណា និងការដោះស្រាយបញ្ហា។ យើងមានមោទនភាពចំពោះកម្មវិធី ស្ទែម (STEM) និង (STEAM) ប្រកបដោយភាពច្នៃប្រឌិតរបស់យើង ដែលផ្តល់សិទ្ធិដល់សិស្សានុសិស្សក្នុងការចូលរួមប្រកួតប្រជែងថ្នាក់ជាតិ និងអន្តរជាតិ ដោយបង្ហាញពីទេពកោសល្យរបស់ពួកគេនៅលើឆាកអន្តរជាតិ។

ខ្ញុំសូមលើកទឹកចិត្តដល់សិស្សរបស់យើងឱ្យយកឧបសគ្គដែលជួបធ្វើជាឱកាសសម្រាប់ហ្វឹកហាត់ការរីកចម្រើនជាមួយនឹងការតស៊ូ និងភាពអត់ធន់។ មនុស្សម្នាក់ៗមានភាពខ្លាំងផ្សេងៗគ្នា ហើយបេសកកម្មរបស់យើងគឺជួយអ្នកក្នុងការរកគន្លឹះ និងដឹងពីសក្តានុពលរបស់អ្នក។

ខ្ញុំក៏ចង់ថ្លែងអំណរគុណយ៉ាងស្មោះអស់ពីចិត្តចំពោះឪពុកម្ដាយ និងអាណាព្យាបាលរបស់យើង ចំពោះការគាំទ្រ និងភាពជាដៃគូរបស់អ្នក។ ការចូលរួមរបស់អ្នកគឺមានសារៈសំខាន់ក្នុងការបង្កើតបរិយាកាសចិញ្ចឹមបីបាច់ដែលលើកទឹកចិត្តដល់សិស្សានុសិស្សរបស់យើងឱ្យកាន់តែពូកែ។

នៅក្នុងការស្វែងរកអ្វីដែលថ្មីសម្រាប់ឆ្នាំសិក្សានេះ ពួកយើងផ្តោតលើចក្ខុវិស័យរួមគ្នារបស់យើងដូចជា៖ ការផ្តល់សិទ្ធិដល់សិស្សគ្រប់រូបនៅសាលាអន្តរជាតិអឹឈីវើអ៉ិនធើណេសិនណលស្គូល ដើម្បីក្លាយជាប្រជាជនសកលដែលមានទំនុកចិត្ត សមត្ថភាព និងមេត្តាករុណា។ ហើយរួមគ្នាជំរុញកិច្ចសហប្រតិបត្តិការ និងបណ្តុះវប្បធម៌នៃការគោរព និងការរួបរួមគ្នាជាធ្លុងមួយ។

សូមអរគុណដែលបានក្លាយជាផ្នែកដ៍សំខាន់មួយនៃសហគមន៍របស់យើង។ ខ្ញុំនឹងទន្ទឹងរង់ចាំឆ្នាំមួយដែលពោរពេញទៅដោយភាពរីកចម្រើន ជោគជ័យ និងបទពិសោធន៍ដ៏មានន័យសម្រាប់យើងទាំងអស់គ្នា។

ដោយក្តីគោរព

ខុង សារិទ្ធី

នាយកសាលា
អឹឈីវើអ៉ិនធើណេសិនណលស្គូល

Scroll to Top